នាព្រឹកថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពីការបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ នៃកសហវ. និងជាសហប្រធានគណៈកម្មការអន្តរក្រសួង។
កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១- បូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈម នៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គ.ដ.ប.អ.)
២- ពិនិត្យ និងពិភាក្សាលើតម្រូវការនៃការប្រមូលផ្ដុំទិន្នន័យលម្អិត និងព័ត៌មានជាក់លាក់ពាក់ព័ន្ធនឹងទីតាំងដីរដ្ឋដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ ដើម្បីជាមូលដ្ឋានក្នុងការសម្របសម្រួល ពិនិត្យ និងលើកស្នើជាដំណោះស្រាយ
៣- ពិភាក្សា និងដាក់ចេញជាផែនការសកម្មភាពរបស់ ក្រុមការងារ នៃ គ.ដ.ប.អ និង គណៈកម្មការចំពោះកិច្ចតាមរាជធានី ខេត្ត ដើម្បីចុះសម្របសម្រួល គាំទ្រ និងដោះស្រាយនៅតាមមូលដ្ឋាន។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញដឹកនាំវេទិការពិភាក្សា និងសុន្ទរកថាបិទ ដោយ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ នៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធាន គ.ដ.ប.អ. ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម នេត មុន្នី រដ្ឋលេខាធិការ កសហវ. , ឯកឧត្តម សួន សូផា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និងអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត និង លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត សរុបប្រមាណ ២៥០នាក់៕